សន្តិភាព គឺជាកត្តាកំណត់មិនអាចខ្វះបានដែលធ្វើឱ្យយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។ សន្តិភាពធ្វើឱ្យយើងមានឱកាសក្នុងការអភិវឌ្ឍជីវភាពគ្រួសារ។ សន្តិភាពផ្តល់ឱកាសឱ្យកូនចៅយើងបានរៀនសូត្រដើម្បីទទួលយកចំណេះជំនាញថ្មី បច្ចេកវិទ្យាសម័យទំនើប និងរស់នៅដោយគេចផុតពីការបំផ្លាញដោយសារភ្លើងសង្គ្រាម។ សន្តិភាពផ្តល់ឱ្យយើងនូវស្នាមញញឹម និងក្តីសង្ឃឹមលើអនាគតខ្លួន អនាគតកូនចៅខ្លួន ក៏ដូចជាលើអនាគតប្រទេសជាតិយើង។ សន្តិភាព បានធ្វើឱ្យកម្ពុជាអាចកាត់បន្ថយភាពក្រីក្របានយ៉ាងឆាប់រហ័សរហូតធ្វើឱ្យមាតុភូមិដែលធ្លាប់កំសត់មួយនេះ អាចធ្វើដំណើរចាកចេញពីស្ថានភាពប្រទេសក្រីក្រ មកទទួលឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឆ្ពោះទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សន្តិភាព ជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលធ្វើឱ្យយើងពង្រឹងខ្លួនឯងបានយ៉ាងល្អ ផ្តល់ឱកាសឱ្យយើងលើកស្ទួយកិត្យានុភាព និងអធិបតេយ្យជាតិកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ។ សុខសន្តិភាព បានអនុញ្ញាតឱ្យយើងទាំងអស់គ្នាមានឱកាសគ្រប់គ្រាន់ក្នុងការស្តារ និងកសាងសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ និងបានគិតគូរលើការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស។