នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមឯកអគ្គរាជទូតបានស្វាគមន៍កុមារមានពិការភាព និងគ្រួសារ ក៏ដូចជាប្រធាន “គម្រោងជប៉ុនមិនមានឧបសគ្គ ២០២០” (Japan Barrier Free Project) និងក្រុមហ៊ុនលើកកម្ពស់ជនមានពិការភាព ដែលបានចូលរួមក្នុងគម្រោងនេះ ។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានពន្យល់ពីក្របខណ្ឌគតិយុត្តិ គោលនយោបាយ និង​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ពន្ធ័នឹងជនពិការ ដូចជាច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុក្រឹត្យស្តីពីការកំណត់អត្រានិងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ និងការប្រារព្ធទិវាជនមានពិការភាពកម្ពុជានិងអន្តរជាតិជាដើម។ “គម្រោងជប៉ុនមិនមានឧបសគ្គ២០២០” ផ្តោតលើការផ្តល់ឱកាសដល់កុមារមានពិការភាពអាចបានចូលរួមក្នុងសកម្មភាពសង្គម និងផ្តោតលើតម្លៃគ្រួសាររបស់ជនពិការសម្រាប់សង្គម រដ្ឋាភិបាល និងវិស័យឯកជន ។