Cambodia Festival 2018

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន រួមសហការជាមួយគណៈកម្មាធិការរៀបចំពិព័រណ៌កម្ពុជា សមាគមនិស្សិតខ្មែរ និងមិត្តភ័ក្រជប៉ុនដែលស្រលាញ់កម្ពុជា បានរៀបចំពិធីបើកពិព័រណ៌កម្ពុជាឆ្នាំ ២០១៨ នៅសួន Yoyogi នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីឯកឧត្តម Manabu Horii អនុរដ្ឋមន្រ្តីទំនាក់ទំនងសភានៃក្រសួងការបរទេសជប៉ុន ឯកឧត្តម Yukio Imagawa អតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវឯកអគ្គរាជ/រដ្ឋទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ និងភ្ញៀវជប៉ុន។
ពិព័រណ៌កម្ពុជាឆ្នាំ ២០១៨ នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០១៨ នៅសួន Yoyogi នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការបង្ហាញរបាំបុរាណខ្មែរ សម្តែងដោយសិល្បការីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្បាច់គុណល្បុកតោរបស់ខ្មែរ ហើយក៏មានរៀបចំស្តង់បង្ហាញពីម្ហូប វប្បធម៌ ទេសចរណ៍ ក្នុងគោលបំណងផ្សព្វផ្សាយនិងលើកកម្ពស់សិល្បៈ វប្បធម៌ វិស័យទេសចរណ៍ និងមុខមាត់នៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសជប៉ុន ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករចំនួនប្រមាណ១០ ម៉ឺននាក់។
នៅក្នុងសុន្ទរកថាស្វាគមន៍នៃកម្មវិធីបើកពិព័រណ៌កម្ពុជានេះ លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យឈានដល់កម្រិតថ្មីមួយទៀតសម្រាប់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ដោយលោកជំទាវបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីពិព័រណ៌នេះថាជាសកម្មភាពស្ថិតក្នុងចំណោមសកម្មភាពផ្សេងទៀត ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងប្រកបដោយមិត្តភាពរវាងប្រទេសទាំងពីរ ស្របពេលដែលកម្ពុជានិងជប៉ុនកំពុងតែប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាខួបលើកទី ៥ នៃទំនាក់ទំនងយុទ្ធសាស្រ្តរវាងកម្ពុជានិងជប៉ុន នៅក្នុងឆ្នាំ ២០១៨ នេះ។
លោកជំទាវឯកអគ្គរាជទូតក៏បានឆ្លៀតឱកាសតាងនាមឲ្យរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅប្រទេសកម្ពុជា ជួយគាំទ្រមិនឈប់ឈរដល់ដំណើរការកសាងនិងអភិវឌ្ឍប្រទេសឡើងវិញ និងកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធ្វើឲ្យប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍មួយនេះទទួលបានផ្លែផ្កានិងមានការរីកចម្រើនដូចសព្វថ្ងៃ ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម Manabu Horii អនុរដ្ឋមន្រ្តីទំនាក់ទំនងសភានៃក្រសួងការបរទេសជប៉ុន បានធ្វើការកត់សម្គាល់ក្នុងសុន្ទរកថារបស់ឯកឧត្តមថា ពិព័រណ៌កម្ពុជា ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១៥មក មានអ្នកចូលរួមកាន់តែច្រើនឡើងៗជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការណ៍នេះគឺបណ្តាលមកពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជារស់នៅប្រទេសជប៉ុន ក៏ដូចជាបានបង្ហាញយ៉ាងច្បាស់ពីការកើនឡើងនូវចំណាប់អារម្មណ៍របស់ប្រជាជនជប៉ុនចំពោះកម្ពុជា។ ឯកឧត្តម បានបន្ថែមថា បើទោះបីជាឆ្នាំ ២០១៨ នេះជាឆ្នាំរំព្ញកខួបលើកទី ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ប្រជាជនកម្ពុជានិងប្រជាជនជប៉ុនមានទំនាក់ទំនងរវាងគ្នានឹងគ្នាជាង ៤០០ ឆ្នាំមកហើយ ហើយ ឯកឧត្តម ជឿជាក់ថា ការយល់ពីគ្នាយ៉ាងស៊ីជម្រៅរវាងប្រជាជននិងប្រជាជននេះ បាននឹងកំពុងក្លាយជាមូលដ្ឋាននៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

On 03 May 2018, in collaboration with Cambodia Festival Committee, Cambodian Students Association, and Cambodia-loving Japanese, the Embassy held the opening ceremony of the Cambodia Festival 2018 at Yoyogi park, in Tokyo, Japan, with the participation of H.E. Mr. Manabu HORII, Parliamentary Vice Minister for Foreign Affairs, H.E. Mr. Yukio IMAGAWA, Former Ambassador of Japan to Cambodia, Ambassadors of ASEAN Member States, Cambodian people living in Japan, students and Japanese distinguished guests.
Cambodia Festival 2018 is held for two days on 03-04 May 2018 at Yoyogi park in Tokyo, Japan, by showing Cambodian traditional dances performed by dancers from the Ministry of Culture and Fine Art of Cambodia and Cambodia’s martial arts Kun Bokator along with pavilions showing Khmer cuisines, cultures, tourism in order to promote Cambodia’s arts, cultures, tourism and images in Japan.The people attended the two-day event approximately 100,000 persons.
In her opening remarks, H.E. Ms. Ambassador highlighted efforts of the government of Cambodia and Japan to promote bilateral relations to a new height for the common interests of the two countries, emphasizing importance of the Cambodia Festival 2018 which is one among a series of events to deepen and strengthen firm traditional long last lasting cooperation and friendship between the two countries while the two countries are commemorating the 65th anniversary of diplomatic relations and the 5th anniversary of Strategic Partnerships between the two countries in the year of 2018.
H.E. Ms. Ambassador took this opportunity to express heartfelt thanks, on behalf of the Royal Government and People of Cambodia, to the government and people of Japan for their contribution to the Cambodian peace process, the continuous support of the reconstruction and development of Cambodia and democracy-building in Cambodia which have helped develop Cambodia in all fields so far under the wise leadership of Samdech Aka Moha Sena Padei Techo Hun Sen, Prime Minister of Cambodia.
In his remarks, H.E. Mr. Manabu Horii, Parliamentary Vice-Minister for Foreign Affairs, noted with satisfaction that the Cambodia Festival is held here in Yoyogi Park since 2015 and it is getting bigger gradually every year, which not only results from the hard work of Cambodian people living in Japan but also clearly shows the growing interest of the Japanese people in Cambodia. He added that even though this year commemorates the 65th anniversary of the establishment of Japan-Cambodia diplomatic relations, Japanese and Cambodian have had a long history of people exchanges for more than 400 years while believing that the deep understanding between people and people has been and will also be the foundation for good relationship between the two countries.