Category Archives: Embassy

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនបានចូលរួមជាភ្ញៀវកិតិ្តយសក្នុងពិធីសម្ភោធក្រុមប្រឹក្សាវប្បធម៌និងធុរកិច្ចជប៉ុន-កម្ពុជា (JCBC) ដឹកនាំដោយលោក Keiichi KIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រទេសចរណ៍ ជប៉ុន ។ JCBCត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន ។

នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាធិបតីក្នុងកម្មវិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដៃ (Sendai) ខេត្តមីយ៉ាហ្គិ (Miyagi)។ អញ្ជើញចូលរួមជាកិត្តិយសក្នុងឱកាសនោះ មាន ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ថូ សំណាង អគ្គនាយកកិច្ចការច្បាប់ កុងស៊ុល និងព្រំដែននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកជំទាវ នេត ភូម៉ារី អនុរដ្ឋលេខាធិការក្រសួសវប្បធម៌ និងវិចត្រសិល្បៈ លោកជំទាវ សូ ស្រីម៉ិច អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ខាងភាគីជប៉ុនមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក Shinya Endo អភិបាលរងខេត្ត Miyagi និងលោក Shinichi Takahashi អភិបាលរងក្រុង Sendai។ ព្រមទាំងមានក្រុមពាណិជ្ជករកម្ពុជា និងជប៉ុនជាច្រើននាក់ទៀត។

អបអរសាទររដ្ឋាភិបាលជប៉ុនក្នុងឱកាសដែលតំបន់ផ្នូរបុរាណ (Mozu-Furuichi Kofun Group: Mounted Tombs of Ancient Japan) ក្នុងខេត្តអូសាកាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតកភណ្ឌពិភពលោកនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៩។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឯកអគ្គរាជទូត បានដឹកនាំកិច្ចប្រជុំលើក ទី២៩៣នៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ ។ នេះជាកិច្ចប្រជុំលើកទី៣ ហើយក៏ជាកិច្ចប្រជុំចុងក្រោយបន្ទាប់ពីបាន ដឹកនាំកិច្ចប្រជុំចាប់តាំងពីខែ មករា ឆ្នាំ២០១៩ មក ។ នៅក្នុងឱកាសនោះ ឯកឧត្តមបានប្រគល់ដំណែងប្រធានប្តូរវេនជូនឯកឧត្តម ឯកអគ្គរាជទូតឥណ្ឌូនេស៊ី ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានរៀបចំអាហារថ្ងៃត្រង់ទទួលអ្នកចូលរួមកិច្ចប្រជុំទាំងអស់ ដោយមានការអញ្ជ្ជើញចូលរួមរបស់ឯកឧត្ដម KIUCHI Minoru រដ្ឋលេខាធិការក្រសួងបរិស្ថានជប៉ុន អញ្ជើញចូលរួមផងដែរ ។

សេចក្ដីជូនដំណឹង


នៅវេលាម៉ោង១០:២២នាទីយប់ ថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០១៩ មានគ្រោះរញ្ជួយដី​ កម្រិត៦,៨រិកទ័រ​ នៅខេត្ត​នីហ្កាតា​ ប្រទេសជប៉ុន។
🌊🌊🌊🌊រញ្ជួយដីនេះនឹងបង្កអោយមានរលកយក្សស៊ូណាមិ។​ សូមកុំទៅជិតមាត់សមុទ្រក្បែរតំបន់រញ្ជួយដី។
☎️ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។
សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ។